នៅមិនប៉ុន្មានម៉ោងក្រោយពីចាកចេញពីប្រទេសកម្ពុជា រដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ុមភុង អាម៉នវីវ៉ាត់ បានប្រតិកម្មចំពោះការព្រមានរបស់នាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន ដោយថា ថៃនឹងមិនដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនតាមការទាមទាររបស់ភាគី កម្ពុជាឡើយ។
ទាហានថៃអង្គុយនៅក្បែរប្រាសាទព្រះវិហារ ក្នុងខេត្តព្រះវិហារ នាថ្ងៃទី៤ តុលា ២០០៨។
យោងតាមអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីប្រចាំក្រុងបាងកកបាន រាយការណ៍មកថា រដ្ឋមន្រ្តីក្រសួងការបរទេសថៃ លោក ស៊ុមភុង អាម៉នវីវ៉ាត់ បានថ្លែងដូច្នេះនៅក្នុងក្រសួងការបរទេសថៃកាលពីយប់ថ្ងៃច័ន្ទ គឺនៅបន្ទាប់ពីលោកបានវិលត្រឡប់ពីជំនួបចរចាជាមួយសមភាគីកម្ពុជា លោក ហោ ណាំហុង វិញ ដោយលោកថ្លែងបញ្ជាក់អំពីមូលហេតុនៃការមិនដកកងទ័ពចេញពីតំបន់ ជម្លោះក្បែរប្រាសាទព្រះវិហារដូច្នេះថា ៖ "ការដកកងទ័ពគឺជាបញ្ហាសំខាន់ដែលត្រូវធ្វើ ប៉ុន្តែតើតំបន់នោះជាតំបន់អ្វី? ទាហានថៃបានឈរជើងនៅទីនោះអស់រយៈពេល២០ទៅ៣០ឆ្នាំមកហើយ។ ពួកគេដឹងថាទីនោះគឺជាទឹកដីរបស់គេ ហើយកម្ពុជាក៏អះអាងថាទឹកដីនោះជាទឹកដីរបស់ខ្លួនដែរ។ ហេតុនេះយើងត្រូវមានការជជែកគ្នាដោយគណៈកម្មាធិការព្រំដែនចម្រុះ អំពីបញ្ហាព្រំដែននេះ"។
ការថ្លែងបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងការបទេសថៃនេះធ្វើឡើង ប៉ុន្មានម៉ោងបន្ទាប់ពីការថ្លែងព្រមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយទទូចដាច់ណាត់ថា កងទ័ពថៃត្រូវតែដកចេញពីទឹកដីកម្ពុជានៅតំបន់ព្រលានឥន្រ្ទីទីដែល កងទ័ពថៃត្រូវបានបញ្ជូនចូលមកជាបន្តបន្ទាប់ឲ្យបាននៅយប់ថ្ងៃ ច័ន្ទឬនៅថៃ្ងអង្គារនេះ។
ដោយឡែកប្រភពមន្រ្តីយោធាថៃដែលអមដំណើរលោក ស៊ុមភុង អាម៉នវីវ៉ាត់ ត្រឡប់ពីកិច្ចចរចាជាមួយសមភាគីកម្ពុជាវិញនោះបានត្រូវគេស្រង់ សម្ដីថា សភាពការណ៍តំបន់ព្រំដែនអាចវិវត្តន៍ទៅរកភាពអាក្រក់នៅយប់ថ្ងៃច័ន្ទ ហើយនាយករដ្ឋមន្រ្តីថៃ ឬលោក ស៊ុមភុង អាម៉នវីវ៉ាត់ ឬមេបញ្ជាការយោធាថៃអាចនឹងទូរស័ព្ទទៅកាន់លោកនាយករដ្ឋមន្រ្តី កម្ពុជាផ្ទាល់ដើម្បីបញ្ជៀសការប្រឈមមុខដាក់គ្នាតាមផ្លូវយោធា។
នៅស្របពេលជាមួយគ្នានោះដែររដ្ឋលេខាធិការក្រសួងការពារជាតិ កម្ពុជា លោកឧត្តមសេនីយ៍ នាង ផាត បានថ្លែងបា្រប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កងទ័ពកម្ពុជាបានត្រូវបញ្ជូនទៅកាន់តំបន់ជម្លោះព្រំដែនកម្ពុជាថៃ បន្ទាប់ពីកងទ័ពថៃប្រហែល៥០០នាក់បានព្យាយាមឆ្លងកាត់ព្រំដែនក្បែរ តំបន់ប្រាសាទព្រះវិហារ៕
No comments:
Post a Comment