Listend Song khmer 1143 Song

Monday, October 13, 2008

នាយក​រដ្ឋមន្ត្រី​ខ្មែរ​ព្រមាន​ថៃ​ឲ្យ​ដក​ទ័ព​ចេញ​ពី​តំបន់​ព្រលាន​ឥន្ទ្រី​នៃ​ទឹក​ដី​ខ្មែរ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ១៣ តុលា​នេះ បាន​ព្រមាន​ភាគី​ថៃ​ឲ្យ​ដក​កងទ័ព​ចេញ​ពី​ព្រលាន​ឥន្ទ្រី ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ប្រាសាទ​ព្រះវិហារ ដែល​ថៃ​បាន​ព្យាយាម​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​កាល​ពី​ព្រឹកមិញ ឲ្យ​បាន​អស់​នៅ​យប់​នេះ ឬ​ក៏​ថ្ងៃ​ស្អែក។

លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន (រូប​ខាង​ឆ្វេង) ចាប់​ដៃ​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ស៊ុមភុង អាម៉នវីវ៉ាត់ (រូប​ខាង​ស្ដាំ) នៅ​ឯ​ទីស្ដីការ​ក្រសួង​ការបរទេស​កម្ពុជា ក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​១៣ តុលា ២០០៨។

ការព្រមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​ឡើង នៅ​ក្នុង​កិច្ច​ជំនួប​ជាមួយ​នឹង​ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ ក្រសួង​ការបរទេស​ថៃ លោក សុំពង់ អាម៉នវីវ៉ាត់ នៅឯ​ក្រសួង​ការបរទេស​កម្ពុជា ក្នុង​រាជ​ធានី​ភ្នំពេញ។

ទោះជា​យ៉ាង​ណា​ក្តី លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា វា​មិន​អាច​ទស្សន៍ទាយ​បាន​ទេ​ថា តើ​អាច​នឹង​មាន​ការផ្ទុះ​អាវុធ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ឬ​យ៉ាង​ណា​ឡើយ បើ​សិន​ជា​កងទ័ព​ថៃ​មិន​ព្រម​ដក​ចេញ​ពី​ព្រលាន​ឥន្ទ្រី​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «បន្ទាន់​ជាង ​គេ គឺ​កង​ទ័ព​[ថៃ]​ដែល​ចូល​មក​ថ្ងៃ​នេះ ហើយ​មក​ទល់​នឹង​ថ្ងៃ​នេះ​កំពុង​តែ​បោះតង់​នៅ​វាល​ឥន្ទ្រី​នេះ​តែ​ម្ដង គឺ​ឲ្យ​គាត់​ដក​បន្ទាន់ បើ​ដក​យប់​នេះ​មិន​ទាន់ គឺ​ថ្ងៃ​ស្អែក​ឲ្យ​ដក ហើយ​បន្ត​ទៅ គឺ​ដោះស្រាយ​បញ្ហា​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ»

គួរ​ជម្រាប​ថា កាលពី​ព្រឹក​មិញ កង​ទាហាន​ថៃ​បាន​ព្យាយាម​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ត្រង់​ចំណុច​ព្រលាន​ឥន្ទ្រី ក្នុង​ខេត្ត​ព្រះវិហារ ទី​កន្លែង​ដែល​ទាហាន​ថៃ​ពីរ​នាក់​បាន​រង​របួស​ដាច់​ជើង ដោយសារ​ជាន់​មីន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ចំណុច​ព្រលាន​ឥន្ទ្រី​នោះ​ជា​ចំណុច​ស្លាប់រស់ ហើយ​ថា ការផ្ទុះ​អាវុធ​អាច​នឹង​កើត​មាន​ឡើង​ចេញ​ពី​ចំណុច​នោះ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឲ្យ​កងទ័ព​ទាំង​អស់​មាន​ការ​អត់ធ្មត់ កុំ​ឲ្យ​មាន​ការផ្ទុះ​អាវុធ​កើត​ឡើង។

លោក​នាយក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀត​ថា ទាហាន​ថៃ​ដែល​ចូល​មក​បោះតង់​នៅ​ព្រលាន​ឥន្ទ្រី មាន​ចំនួន​ប្រហែល ៨៤​នាក់ ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣០​ម៉ែត្រ ពី​ទាហាន​ខ្មែរ៕

No comments:

Grab this Widget ~ Blogger Accessories