ដោយទឹកចិត្តស្នេហាមាតុភូមិរបស់ខ្លួន បុរសវ័យក្មេងចាស់មួយចំនួននៅតំបន់ត្រពាំងប្រាសាទនិងអន្លង់វែង បានស្ម័គ្រចិត្តចូលបម្រើកងទ័ពដើម្បីទៅការពារនៅតាមព្រំដែន។
ទាហានខ្មែរជីកលេណដ្ឋាន នៅខ្សែត្រៀមក្បែរតំបន់ប្រាសាទព្រះវិហារ នាថ្ងៃទី៦ តុលា ២០០៨។
យុវជន ឡូត សុខឃាន អាយុ១៩ឆ្នាំ ជាសិស្សនៅស្រុកអន្លង់វែង សុខចិត្តបោះបង់ចោលការរៀនសូត្រដើម្បីចូលបម្រើកងទ័ពនៅក្នុងកងពលលេខ ៤៣ ហើយសព្វថ្ងៃកំពុងឈរជើងនៅលើភ្នំទ្រព្យ ជាតំបន់ដែលកងទ័ពថៃប៉ុងប៉ងដណ្ដើមយក។
យុវជន ឡូត សុខឃាន បានបញ្ជាក់ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា លោកចូលបម្រើទ័ពដោយស្ម័គ្រចិត្ត ពីព្រោះតែខឹងនឹងការឈ្លានពានរបស់ថៃ ដែលប៉ុនប៉ងយកប្រាង្គប្រាសាទខ្មែរ។
លោក ឈឹម សេរីរ័ត្ន អាយុ២៤ឆ្នាំ ជាកូនប្រុសរបស់អតីតមន្ត្រីកម្មាភិបាលខ្មែរក្រហម ជាយុវជនមួយរូបទៀតដែលបានឲ្យដឹងដែរថា រូបលោកត្រៀមខ្លួនជាស្រេចដើម្បីចូលបម្រើប្រទេសជាតិ ប្រសិនបើផ្នែកកងទ័ពត្រូវការរូបលោក។
ចំណែកលោកស្រី ជិន ទូច អាយុ៥៣ឆ្នាំ ជាអតីតបុគ្គលិកពេទ្យក្នុងជួរកងទ័ពខ្មែរក្រហម បានឲ្យដឹងថា លោកស្រីមានកូនប្រុស៣នាក់ ហើយពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្ម័គ្រចិត្តបម្រើកងទ័ព ការពារមាតុភូមិខ្មែរ។
ទាក់ទងនឹងការជ្រើសរើសកងទ័ព មន្ត្រីយោធាខ្មែរមួយរូបបានបង្ហើបឲ្យដឹងថា ផ្នែកកងទ័ពកំពុងកេណ្ឌទ័ពនៅតំបន់ត្រពាំងប្រាសាទ នៅអន្លង់វែង និងនៅតាមបណ្ដាខេត្តដទៃទៀត ប៉ុន្តែបើតាមលោក នួន នៅ មេបញ្ជាការរងយោធភូមិភាគទី៤ បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីកម្មវិធីកេណ្ឌកងទ័ពនោះទេ៕
No comments:
Post a Comment